សារធាតុចិញ្ចឹមសំខាន់ៗ ទទួលបានពីផ្លែត្របែក!
ផ្លែត្របែកជាគ្រឿងម្ជូរដ៏ពេញនិយមនៅស្រុកយើង បើបានហូបជាមួយអំបិលម្ទេសទៀតកាន់តែឆ្ងាញ់ហៀរទឹកមាត់ជាមិនខាន។ ផ្លែត្របែកសំបូរសារធាតុចិញ្ចឹមយ៉ាងច្រើនដែលខ្លួនប្រាណយើងត្រូវការសម្រាប់ដំណើរការ និងភាពរឹងមាំនៃរាងកាយ ដូចជាវីតាមីន សារធាតុរ៉ែ និងសារធាតុសរសៃទៀតផង។
ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ទទួលបានពីការបរិភោគផ្លែត្របែក៖
១. ផ្លែត្របែកជាប្រភពនៃសារធាតុប៉ូតាស្យូម
សារធាតុប៉ូតាស្យូមទទួលបានពីផ្លែត្របែក បានដើរតួនាទីយ៉ាងសំខាន់រក្សាសម្ពាធឈាមឲ្យនៅធម្មតា ហើយជាដំណោះស្រាយមួយផ្នែកនៃបញ្ហាលើសឈាម និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងទាំងឡាយ។
ក្រៅពីនេះសារធាតុប៉ូតាស្យូម បានជួយកាត់បន្ថយហានិភ័យនៃបញ្ហាគ្រួសក្នុងតម្រងនោម បញ្ហាដាច់សរសៃឈាមខួរក្បាល និងការបាត់បង់កោសិកាឆ្អឹងជាដើម។
២. ផ្លែត្របែកជាប្រភពនៃវីតាមីនC
ត្របែកមួយផ្លែអាចផ្តល់វីតាមីនC ច្រើនជាងផ្លែក្រូចមួយផ្លែទៅទៀត។ វីតាមីនC ត្រូវបានគេចាត់ទុកជាសារធាតុប្រឆាំងយ៉ាងសកម្មនឹងជាតិពុល និងការខូចខាតកោសិកា។
ការហូបត្របែកបានផ្តល់វីតាមីនដ៏សំខាន់មួយនេះ ដើម្បីជួយបង្ការកុំឱ្យខូចខាតទ្រង់ទ្រាយកោសិកាទាំងឡាយនៃរាងកាយពីពពួកសារធាតុពុល ឬសារធាតុគីមី។ ដោយសារវីតាមីនសេនេះហើយ ធ្វើឲ្យត្របែកត្រូវបានគេចាត់ទុកជាផ្លែឈើប្រឆាំងនឹងជំងឺបេះដូង ជំងឺរលាកសន្លាក់ និងជំងឺមហារីកទៀតផង។
៣. ផ្លែត្របែកសំបូរសារធាតុប្រឆាំងជាតិពុល
សារធាតុប្រឆាំងជាតិពុលជាភ្នាក់ងារការពារកោសិកាពីការលូតលាស់មិនប្រក្រតី ដែលអាចបណ្តាលឲ្យក្លាយជាកោសិកាមហារីក (សាច់កាច) និងអាចប៉ះពាល់ដល់កោសិកាដទៃទៀតនៃរាងកាយ។
សារធាតុពិសេសម៉្យាងឈ្មោះថាលីកូប៉ែន (Lycopene) ត្រូវបានគេរកឃើញថា វាអាចមានតួនាទី និងមេកានិច បញ្ឈប់ការលូតលាស់កោសិកាមហារីកបាន។
យោងតាមការសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានជាតិនៃអាហារបំប៉ននៅឥណ្ឌាអំពី ពពួកផ្លែឈើជាច្រើនប្រភេទ រាប់តាំងពីផ្លែប៉ោម ចេក ទំពាំងបាយជូ ត្របែក និងផ្លែឈើជាច្រើនមុខទៀត។ ជាលទ្ធផលគេរកឃើញថា ត្របែកជាផ្លែឈើដែលសំបូរដោយសារធាតុប្រឆាំងជាតិពុលច្រើនជាងគេបំផុត ដើរតួនាទីយ៉ាងសំខាន់ការពារកោសិកាទាំងឡាយមិនឱ្យរងការបំផ្លាញពីបណ្តាសារធាតុពុល ឬម៉ូលេគុលគ្រោះថ្នាក់មួយចំនួន ដែលអាចបំផ្លាញទ្រង់ទ្រង់ រូបរាង និងដំណើរការធម្មតានៃកោសិកាបាន។
៤. ផ្លែត្របែកជាប្រភពនៃសារធាតុកាល់ស្យូម
សារធាតុកាល់ស្យូម ទទួលបានពីការបរិភោគផ្លែត្របែក បានដើរតួនាទីយ៉ាងសំខាន់ដល់ការលូតលាស់ និងភាពរឹងមាំនៃសរីរាង្គឆ្អឹងទាំងឡាយក្នុងរាងកាយយើង។
កង្វះនៃសារធាតុកាល់ស្យូមនៅវ័យកំពុងលូតលាស់ អាចបណ្តាលឱ្យការលូតកម្ពស់យឺត និងតឿ។
ស្ត្រីនៅពេលអស់រដូវ មិនអាចខ្វះកាល់ស្យូមបានឡើយ ព្រោះឆ្អឹងងាយពុកផុយ ដោយសារការប្រែប្រួលនៃអរម៉ូន។
ដូច្នេះការបំពេញសារធាតុកាល់ស្យូមជាមួយនឹងត្របែក អាចផ្តល់សារៈសំខាន់ជាច្រើនចំពោះសុខភាពរបស់លោកអ្នក ជាពិសេសសុខភាពឆ្អឹង៕
Post a Comment